តើគួរអានសៀវភៅគណិត ដោយរបៀបណា?
ការអានសៀវភៅគណិតវិទ្យា មិនងាយស្រួលដូចការអានសៀវភៅប្រលោមលោក រឺសៀវភៅអក្សរសាស្ត្រឡើយ ។ យើងនឹងលើកយកអំពីវិធីសាស្ត្រមួយចំនួននៃការអានសៀវភៅគណិតវិទ្យា អោយមានប្រសិទ្ធភាព ។
ចំនុចដ៏សំខាន់មួយដែលត្រូវធ្វើ មុននឹងចំនាយពេលវេលាទៅលើការអាន គឺការជ្រើសរើសសៀវភៅសំរាប់អាន ។
តើគួរជ្រើសរើសសៀវភៅដោយរបៀបណា?
- អានសៀវភៅ ដែលប្រើប្រាស់ជាឯកសារយោង ក្នុងការបង្រៀននៅក្នុងមុខវិជ្ជានិមួយៗ ដោយសុំគ្រូរបស់អ្នកនូវសៀវភៅ ដែលគាត់ប្រើប្រាស់ក្នុងការបង្រៀន ។
- អានសៀវភៅផ្សេងទៀត ដែលសរសេរទាក់ទងនឹងប្រធានបទដូចគ្នា ក្នុងទិសដៅដូចគ្នា និងផ្សេងគ្នា ។ ក្នុងចំណុចនេះ ដើម្បីជ្រើសរើសសៀវភៅ អោយបានត្រឹមត្រូវ ត្រូវអានមាតិកា និង អារម្ភកថា របស់សៀវភៅនិមួយៗ ព្រោះថា គោលដៅ និងប្រធានសំខាន់ៗនៅក្នុងសៀវភៅនឹងរៀបរាប់នៅក្នុងផ្នែកនេះ។ សៀវភៅខ្លះ មានទាំងការណែនាំសំរាប់គ្រូ និងសិស្ស ដែលប្រើប្រាស់សៀវភៅនោះសំរាប់រៀន និងបង្រៀនទៀតផង។
- ជ្រើសរើសអានសៀវភៅជាភាសាបរទេស រឺអង់គ្លេសដែលមានលក្ខណៈស្តង់ដារ។ លក្ខណៈស្តង់ដារនៅទីនេះ គឺចង់សំដៅដល់សៀវភៅដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីសិក្សានៃសាកលវិទ្យាល័យល្បីៗ រឺភាគច្រើននៅលើពិភពលោក។ សៀវភៅជាភាសាបរទេសមួយចំនួន សរសេរដោយមានការជំរុញទឹកចិត្តដែលធ្វើអោយអ្នកអានមានទឹកចិត្តចង់ដឹង និងចង់រៀនបន្ថែមទៀត។
តើគួរអានសៀវភៅដោយរបៀបណា?
មនុស្សភាគច្រើនគិតថា ការអានសៀវភៅគណិត គឺត្រូវមានប៊ិច រឺខ្មៅដៃ និងក្រដាសនៅជិត អានលំអិត ហើយអនុវត្តលំហាត់ជាដើម។ សម្រាប់ខ្ញុំ វិធីសាស្ត្រនេះ សំរាប់តែគណិតវិទ្យាថ្នាក់វិទ្យាល័យប៉ុណ្ណោះ។ សម្រាប់គណិតវិទ្យាថា្នក់ខ្ពស់ ជាពិសេសគណិតវិទ្យាទ្រឹស្តី យើងមិនអាចរំពឹងថានឹងអានសៀវភៅគណិតតែមួយដង ហើយអាចយល់បានទេ។ ខ្ញុំសូមចែកការអាននេះជាពីរផ្នែក ដែលផ្នែកនិមួយៗអាចត្រូវការអានជាច្រើនសារ។
ផ្នែកទីមួយ គឺការអានដើម្បីទទួលបានគំនិត ការជំរុញចិត្ត និង អ្វីដែលអ្នកសរសេរចង់ផ្តល់អោយអ្នកអាន។ ការអានបែបនេះ គឺដូចគ្នានឹងការអានប្រលោមលោក អញ្ចឹង គឺដូចគ្នាកំពុងតែមើលរឿងភាគ ដែលមានចំណោទបញ្ហា ការស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ហា និងដំណោះស្រាយបញ្ហា។ ការអានបែបនេះ គឺត្រូវរំលងចោលនូវសម្រាយបញ្ជាក់ទាំងអស់ដែលមាន ឬ ដែលពិបាកខ្លាំង ដោយផ្តោតតែលើលទ្ធផល និង ការប្រើប្រាស់ជាដើម។ វាជាការអានត្រួសៗ ដូចនេះ អ្នកអាចអាននៅទីណាក៏បាន លើគ្រែក៏បាន ដោយមិនត្រូវការរៀបចំប៊ិច ខ្មៅដៃ រឺសៀវភៅឡើយ។ ពេលវេលាដែលល្អ សម្រាប់ការអានបែបនេះ គឺមុនពេលចូលគេង។ អ្នកអាន អាចអានលើសពីមួយផ្នែក ឬ ដល់មួយជំពូកនៃសៀវភៅ ដើម្បីទៅអោយដល់គោលដៅ រឺដំណោះស្រាយបញ្ហា ដែលអ្នកជាគោលដៅរបស់អ្នកសរសេរ ហើយប្រហែលជាអាចត្រូវអាន ពីរ រឺ បីដង ដើម្បីយល់បាននូវគំនិត រឺគោលដៅរបស់អ្នកសរសេរ។
បន្ទាប់ពីយល់ពីគោលដៅរបស់អ្នកសរសេរហើយ ចាប់ផ្តើមផ្នែកទីពីរនៃការអាន ដែលជាផ្នែកដែលពិបាកខ្លាំងសម្រាប់អ្នកសិក្សាគណិតវិទ្យា គឺការអានលំអិតដើម្បីអោយយល់ពីសម្រាយគណិតវិទ្យាដែលមាន។ ការអានបែបនេះ ត្រូវមានប៊ិច ខ្មៅដៃ សៀវភៅ ឬ អាចមានកុំព្យូទ័រជាជំនួយ រួមផ្សំជាមួយនឹងការស្រមៃជាដើម រឺអាចមានការជួយណែនាំពីរៀមច្បង រឺលោកគ្រូ អ្នកគ្រូទៀតផង។ ទោះជាមានជំនួយបែបនេះ ក៏ដោយ ក៏មិនប្រាកដថាអាចយល់ពីសម្រាយគណិតវិទ្យាទាំងនោះបានដែរ។ ក្នុងករណីដែលយល់ចាប់ពី ៧០ ភាគរយឡើងទៅ អ្នកអានត្រូវរៀនសរសេរស្រាយបញ្ជាក់ទ្រឹស្តីបទ ឬសំណើរនោះដោយខ្លួនឯង និងព្យាយាមស្រាយអោយបានក្បោះក្បាយ និងលំអិតជាងសម្រាយដែលមានក្នុងសៀវភៅ។ ក្នុងករណីដែលយល់តិចជាង ៥០ រឺ ៧០ ភាគរយ គួរបកទៅអានឡើងវិញនូវផ្នែកដែលពាក់ព័ន្ធ រឺទុកវាមួយឡែកសិន ដោយបន្តការអានទៅមុខទៀត ហើយចាំបកមកគិតពីវាបន្តទៀត។
បន្ថែមពីលើការអាន យើងអាចធ្វើលំហាត់ដោយជ្រើសរើសលំហាត់ដែលស្រួលបំផុតតាមដែលអាចធ្វើបាន លំហាត់ដែលពិបាកខ្លាំងត្រូវទុកចោលសិន ដោយចាប់ផ្តើមពីស្រួលទៅ។ លំហាត់មួយចំនួន ពេលដែលធ្វើហើយគឺអាចអោយយើងយល់មេរៀនបានច្រើនជាមុន ឬត្រលប់មកមើលសម្រាយបញ្ជាក់ម្តង អាចមានភាពស្រួលជាងមុន។
គណិតវិទ្យាជាមុខវិជ្ជាដែលពិបាកខ្លាំង ហើយវិធីសាស្ត្រអានខាងលើគ្រាន់តែជាបទពិសោធន៍ផ្ទាល់ខ្លួនខ្ញុំប៉ុណ្ណោះ។ ជាគោលដៅនៃការអានសៀវភៅគណិតវិទ្យា គឺធ្វើយ៉ាងណាត្រូវរក្សាតុល្យភាព ការជំរុញទឹកចិត្ត និងកុំអោយភាពពិបាកស្មុគស្មាញនៃគណិតវិទ្យាបំផ្លាញទឹកចិត្តយើងអោយសោះ។ តាមទស្សនៈខ្ញុំ អានសៀវភៅគណិតវិទ្យា គឺមិនមែនត្រឹមតែដើម្បីយល់ និងអាចចេះធ្វើលំហាត់ ដើម្បីប្រលងជាប់នោះទេ ប៉ុន្តែជាការស្វែងយល់ពីពិភពដែលមានអាយុកាលរាប់រយ រឺពាន់ឆ្នាំ ដែលមានប្រវត្តិសាស្ត្រ ហេតុផល ភាពច្នៃប្រឌិត និងរឿងរ៉ាវអស្ចារ្យគួរអោយចាប់អារម្មណ៍ជាច្រើន វាជាដំណើរផ្សងព្រេងទៅកាន់ពិភពគណិតវិទ្យា។
ជាចុងក្រោយ ខ្ញុំសូមជូនពរអោយអ្នកសិក្សាគណិតវិទ្យាទាំងអស់ជោគជ័យក្នុងការសិក្សា និងសម្រេចគោលដៅដែលខ្លួនបានប៉ង។ សូមអរគុណ!